ភ្នំពេញ ៖ ​នារីរូបស្រស់ស្អាតម្នាក់ សង្ស័យស្រវឹងស្រា បើកបររថយន្តស៊េរីទំនើប​ បោះពួយយ៉ាងលឿន ទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យក្រឡាប់ រួចខ្ទាតរបាំងថ្ម ត្រូវចំរថយន្តមួយគ្រឿងទៀត ខ្ទេចទៅមុខ លែងរួច ។

ហេតុការណ៍គ្រោះថ្នាក់នេះ​​កើតឡើង​វេលាម៉ោង១២ និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមីនា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខសាលាអន្តរជាតិ Eton House ជិត Brown Coffee តាមបណ្តោយផ្លូវម៉ៅសេទុង ជិតស្តុបបូកគោ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក KIA Carnival ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1115 បើកបរដោយនារីរូបស្រស់ស្អាតម្នាក់ ទំនងស្រវឹងស្រា ។ រីឯរថយន្តរងគ្រោះដោយសាររបាំងថ្មខ្ទាត ម៉ាក Camary បាឡែន ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AS-5179 ជិះគ្នា៤នាក់ ។

ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថានៅមុនពេលកើតហេតុ​គេឃើញមានរថយន្តបង្ក ធ្វើដំណើរ​ពីលិចទៅកើត ក្នុងលឿងយ៉ាងលឿនដូចហោះ លុះមកដល់ចំនុចកើតហេតុ មុខសាលាអន្តរជាតិ Eton House ក៏បានទៅបុករបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើង ចំណែករបាំងថ្ម បានខ្ទាតទៅចំរថយន្តមួយគ្រឿង កំពុងធ្វើដំណើរតាមផ្លូវ ម៉ៅសេទុងពីកើតទៅលិច បណ្ដាលឱ្យរងការខូចខាត​ខ្ទេចមួយកំណាត់មុខ​ បើកទៅមុខលែងរួច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ចំណែកនារីរូបស្រស់ដែលជាអ្នកបើកបររថយន្តស៊េរីទំនើប ត្រូវសមត្ថកិច្ចមូលដ្ឋាននាំទៅបុស្តិ៍រដ្ឋបាលទន្លេបាសាក់ ដើម្បីរង់ចាំធ្វើការសាកសួរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here