កណ្ដាល៖ សាកសព​បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​អណ្ដែត​ទឹក​តាម​ដង​ទន្លេបាសាក់ ដោយ​សភាព​ហើមរលួយ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ថ្ងៃ​ទី១២ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុង​ភូមិ​ពោធិ​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

សាកសព​ជនរងគ្រោះ​ឈ្មោះ យ៉ាន បូរ៉ា ហៅ​ចី ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្តព្រៃវែង ។ បច្ចុប្បន្ន​មក​ស្នាក់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះ​បាន​ចាក​ចេញពី​ស្រុកកំណើត​របស់ខ្លួន មក​ស្នាក់នៅ​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​ព្រែក​គយ ដើម្បី​ធ្វើការ​សំណង់ ។ លុះ​រហូតមកដល់​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះ​បាន​បាត់​ខ្លួន​ពី​កន្លែង​ស្នាក់នៅ​ដោយ​ពុំ​ដឹងថា ទៅ​ទីណា​នោះទេ រហូតមកដល់​ថ្ងៃទី១២ ខែ/ឆ្នាំ​ដដែល ស្រាប់​តែមាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​អណ្ដែត​ទឹក​តាម​ដង​ទន្លេបាសាក់​ក្នុង​សភាព​ហើមរលួយ ។ ក្រោយពី​សាកសព​ត្រូវបាន​គេ​ប្រទះឃើញ ភ្លាមនោះ​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ត្រើយ​ស្លា ដើម្បី​ធ្វើការ​ពិនិត្យ ។

ក្រោយពី​សមត្ថកិច្ច​ប៉ុស្ដិ៍​រដ្ឋបាល​ត្រើយ​ស្លា​ទទួលបាន​ព័ត៌មាន​ខាងលើ ក៏​រាយការណ៍​បន្ដទៅ​នគរបាល​ជំនាញ​ស្រុក​ចុះ​ធ្វើការ​ពិនិត្យ រួច​បញ្ជាក់ថា ជនរងគ្រោះ​គឺ​ស្លាប់​ដោយសារ​លង់ទឹក ពុំមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​អ្វី​ផ្សេង​ឡើយ ។ ក្រោយពី​ពិនិត្យ​ចប់ សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here