រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១០ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹង​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍​កម្ពុជា បានរៀបចំ​កម្មវិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ Public Wi-Fi ចំនួន ២ ទីតាំង ក្រោម​អធិបតី​ភាព ឯក​ឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​​ទូរគមនាគមន៍ តំណាង​ដ៏ខ្ពង់​ខ្ពស់ សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម Nakyoung Oh ឯកអគ្គរដ្ឋ​ទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំប្រទេស​កម្ពុជា លោក Hyeonmo Ku ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​ទូរគមនាគមន៍កូរ៉េ (KT) និងភ្ញៀវ​ជាតិ អន្តរជាតិ​ប្រមាណ​ជាង ២,០០០ នាក់។​គម្រោង Public Wi-Fi ធ្វើឡើង​ក្រោម​កិច្ច​សហ​ប្រតិបត្តិ​ការជា​មួយ​នឹងសាជីវ​កម្មទូរគមនាគមន៍​កូរ៉េ (KT) នៃសាធារណ​រដ្ឋកូរ៉េ ដោយភាគី​កូរ៉េ បានផ្ដល់​ជូននូវ​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង Public WiFi និង Digital Connectivity for School ដោយ​ធ្វើការ​ដំឡើង​នៅទីតាំង​ចំនួន ៥ គឺ៖

1-សួនច្បារសម្ដេច ហ៊ុន សែន
2- សួនច្បារមុខព្រះបរមរាជវាំង
3-វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
4- វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
5.-វិទ្យាល័យ អ៊ីវ៉ាស្រង់ កំពង់លែង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ក្នុងនោះដែរ ឧបករណ៍បច្ចេក​ទេស​ប្រព័ន្ធ Public Wi-Fi ចំនួន ២ កន្លែង​នៅសួនច្បារ​សម្ដេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង ត្រូវបាន​ដំឡើង​រួចរាល់​ហើយ​ជាមួយ​នឹងល្បឿន 1Gps (១ហ្សីហ្គាប៊ីត​ក្នុងមួយ​វិនាទី)។ ដោយ​ឡែក ៣ ទីតាំង​ទៀត ដែលជា​គម្រោង​សម្រាប់សាលារៀន កំពុង​ស្ថិត​ក្នុងដំណើរ​ការដំឡើង ដែលអាច​នឹងដាក់​ដំណើរការ​ក្នុងពេល​ឆាប់ៗ​នេះដែរ។

សម្រាប់​ប្រព័ន្ធ Public Wi-Fi នៅទីតាំង​សួនច្បារ​ខាងលើ​នឹង​អនុញ្ញាត​ឲ្យប្រជាពល​រដ្ឋ​ទូទៅ ក៏ដូចជា​ភ្ញៀវជាតិ និង​អន្តរជាតិ​អាចប្រើ​ប្រាស់អ៊ីន​ធឺណេត​​បានដោយ​ឥតគិត​ថ្លៃ​ក្នុងល្បឿន​លឿន សម្រាប់​ការកម្សាន្ត និងសិក្សា​របស់​សិស្សា​នុសិស្ស។ ដោយឡែក ៣ ទីតាំង​ទៀត​ដែលនៅ​តាម​បណ្ដាខេត្ត ធ្វើឡើង​ឲ្យស្រប់​តាមកំណែ​ទម្រង់​ស៊ីជម្រៅ លើវិស័យ​អប់រំ​តាមរយៈ​ការបង្កើត​សាលារៀន​ជំនាន់ថ្មី (NGS) ដែលជា​គំរូ​អភិវឌ្ឍន៍ថ្មី​ក្នុងប្រព័ន្ធ​អប់រំសាធារណៈ ដែលនាំ​ទៅដល់​ការ​បង្កើត សាលារៀន​សាធារណៈ​ស្វយ័ត ទទួល​បានការ​វិនិយោគ​ខ្ពស់ ផ្សារភ្ជាប់​ស្តង់ដារ​ថ្មី មាន​គណន័យ​ភាព និងអភិបាល​កិច្ច​ល្អ ព្រមទាំង​ស្តង់ដារ​វិជ្ជាជីវៈ សម្រាប់​ការសិក្សា​ក្នុង​សតវត្សទី ២១ ដែលជា​សម័យ​បច្ចេក​វិទ្យា​ទំនើប និងជឿន​លឿន។

LEAVE A REPLY

Please enter your comment!
Please enter your name here