(ព្រះវិហារ)៖ នៅ​ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ បុរស​ម្នាក់ និង​កូនស្រី​តូច​ម្នាក់ទៀត បាន​ស្លាប់បាត់​បង់ជីវិតភ្លាមៗ នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​យ៍​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ស្ថិតនៅ​ភូមិ​ឆែប​លិច ឃុំ​ឆែប១ ស្រុក​ឆែប ខេត្តព្រះវិហារ។

មុនពេល​កើតហេតុ​ជន​គ្រោះ​បាន​ជិះ​ម៉ូតូ​ដឹក​កូនតូច​ពីក្រោយ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​កន្លែង​ហេតុ ស្រាប់តែ​ម៉ូតូ​ជនរងគ្រោះ​បាន​ទៅបុក​គោយន្ត​កន្ត្រៃ​យ៍ ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ​ទាំង២នាក់​ឪពុក និង​កូន​ស្លាប់ភ្លាម។

ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ កែវ គុយ អាយុ២៤ឆ្នាំ បើកបរ​ម៉ូតូ Honda Dream C125 ពណ៌​ខៅ្ម និង​កូនស្រី​ឈ្មោះ គិត នីសា អាយុ៣ឆ្នាំ។ ចំណែក​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​យ៍​ឈ្មោះ អៀន អ៊ិត អាយុ៣៤ឆ្នាំ រស់នៅ​ភូមិ​កា​ឡោក ឃុំ​សង្កែ១ ស្រុក​ឆែប។

បច្ចុប្បន្ន​ម៉ូតូ និង​គោយន្ត​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here