ខេត្តបាត់ដំបង៖ ក្រុមក្មេងទំនើងប្រមាណជិត៥០នាក់ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ធ្វើការតាមឃាត់ខ្លួនយកទៅធ្វើការអប់រំ បន្ទាប់ពីពួកគេបានប្រមូលផ្តុំគ្នា ផឹកស៊ីស្រវឹងស្រែកឡូឡា និងជក់គ្រឿងញៀនបង្កអនាធិបតេយ្យនៅតាមទីសាធារណៈនាពេលយប់។ ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងវេលាយប់ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ដោយបានឃាត់ខ្លួនចំនួន ៤៨នាក់ យកទៅអប់រំ។

លោកវរសេនីយ៍ទោ សៀក ភា ប្រធានស្តីទីការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ក៏បានបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការចុះប្រមូលក្រុមក្មេងទំនើងទាំង៤៨នាក់ ជាការអនុវត្តក្រោមវិធានការរដ្ឋបាល ដើម្បីអប់រំណែនាំដល់ក្រុមធ្វើសកម្មភាព ជិះម៉ូតូកូសជន្ទល់តាមថ្នល់ រ៉ូម៉ូតូបង្ហោះ ប្រជុំគ្នាជាក្រុមផឹកស៊ីស្រវឹងស្រែកឡូឡា និងឈ្លោះប្រកែកគ្នាបង្កការភ័យខ្លាចដល់សាធារណជន នាំឲ្យប៉ះពាល់ដល់អសន្តិសុខ សណ្តាប់ធ្នាប់សង្គម។

ក្រៅពីនេះ តាមចម្លើយរបស់ក្រុមក្មេងដែលឃាត់ខ្លួន បានសារភាពថា ពួកគេស្ទើតែទាំងអស់មានជាប់សារធាតុញៀន និងជាមុខសញ្ញាចាស់ធ្លាប់ទទួលការអប់រំ ណែនាំម្តងរួចមកហើយ។

លោកវរសេនីយ៍ទោ សៀក ភា បន្តទៀតថា ក្រុមក្មេងទំនើងទាំងអស់ មានក្មេងចំនួន៥នាក់ ជាមុខសញ្ញាជួញដូរចែកចាយគ្រឿងញៀន ត្រូវបានប្រគល់ឲ្យការិយាល័យជំនាញចាត់ការតាមច្បាប់ ខណៈ ក្មេងមានជាប់សារធាតុញៀនផ្សេងទៀត ត្រូវបានឲ្យអនាព្យាបាលមកធានាធ្វើកិច្ចសន្យា យកទៅដាក់នៅមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here