ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ខណៈបើករថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿនបានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ ហើយរថយន្តហោះទៅបុកស្លាកប៉ានណូ បណ្ដាលឲ្យបាក់រាបដល់ដី រថយន្តវិញក្រឡាប់ផ្ងារជើងឡើង រួចរថយន្តឆេះទ្រលោម។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៣ទាបភ្លឺ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ចំណុចរង្វង់មូលព្រហ្មមុខបួន ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពពត៌មាមនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះសយ សាន អាយុ២៩ឆ្នាំ មានស្រុកកំណើត ភូមិល្អក់ ឃុំ កំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញបុរសម្នាក់ រួមដំណើរនិងមិត្តភក្តិ២នាក់ទៀត បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-9229 បានបើកតាមផ្លូវជាតិលេខ៦ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ រួចហោះទៅបុកស្លាកប៉ានណូបាក់រាបដល់ដី ហើយរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ ឆេះផ្សែងហុយទ្រលោម។ ចំណែកអ្នកជិះក្នុងរថយន្តត្រូវបានបងប្អូនប្រជាពរដ្ឋជួយវាយកញ្ចក់បំបែកយកមនុស្សទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែអកុសលបណ្តាលឲ្យអ្នកបើកបររថយន្តស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកស្នងការរាជធានីភ្នំពេញ៕ជ្រោយពេជ្រ

LEAVE A REPLY

Please enter your comment!
Please enter your name here