នគរបាលខេត្តត្បូងឃ្មុំ បានបញ្ជូនជនសង្ស័យម្នាក់ទៅដាក់ពន្ធនាគារបណ្តោះអាសន្ន និងរងចាំការកាត់ទោស ពាក់ព័ន្ធករណីប្លន់កន្លែងវេលុយ Wing មួយកន្លែង តាមអំណាចដីកាបង្គាប់ឲ្យឃុំខ្លួន ….!

ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យមានឈ្មោះ យោន កាពីន ហៅពីន ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅឋានភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌខេត្តត្បូងឃ្មុំ និងនគរបាលយុត្តិធម៌ស្រុកពញាក្រែក បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តត្បូងឃ្មុំ ពីបទលួចមាមស្ថានទម្ងន់ទោស ប្រព្រឹត្ដនៅភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តាមអំណាចដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ១៦២/២០១៨ ចុះថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៨ ដោយលោក ឈិត វិនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដត្បូងឃ្មុំ ។


ដីកាបង្គាប់ឲ្យឃុំខ្លួនជននោះ គឺត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ លួចមានស្ថាទម្ងន់ទោស ប្រព្រឹត្តនៅភូមិពើក ឃុំក្រែក ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ តាមមាត្រា៣៥៣ និងមាត្រា៣៥៧ នៃក្រមព្រហ្មទ័ណ្ឌ ។ ដែលមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ បានចែងថាអំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនិងទ្រព្យសម្បត្ដិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃតាមគ្រប់មធ្យោបាយ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ ចំពោះមាត្រា៣៥៧នៃក្រមព្រហ្មទណ្ឌ អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៦លានរៀល ។

គួរំឮកថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ យោន កាពីន ហៅពីន បានធ្វើសកម្មភាពចូលប្លន់កន្លែងវេលុយ Wing មួយកន្លែងមានយីហោ ស្រីពេជ្រ នៅភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយប្រើប្រាស់អាវុធខ្លី ០១ ដើម គំរាមកំហែងជនរងគ្រោះជាម្ចាស់នៃភ្នាកងារ Wing ដោយដណ្តើមយកបាននូវម៉ាស៊ីនចុចលេខសម្ងាត់វិក័យប័ត្រវេរលុយ ០១ គ្រឿង រួចបានជិះម៉ូតូរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ។

សកម្មភាពលួចមានស្ថានទម្ងន់ទោសនោះ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញយើងបានកំណត់មុខសញ្ញាជនសង្ស័យបានយ៉ាងច្បាស់ និងឃាត់ខ្លួនបានភ្លាមៗ ។ រហូតដល់មកដល់បច្ចុប្បន្នសមត្ថកិច្ចនគរបាលជំនាញយើងក៏បានកសាងសំណុំរឿង និងសាវតាជាតិជនសង្ស័យបញ្ជូនទៅកាន់សាលាដំបូងខេត្ដត្បូងឃ្មុំ ហើយនឹងបានសម្រេចឃុំខ្លូននៅពន្ធនាគារខេត្តត្បូងឃ្មុំបណ្តោះអាសន្ន និងរងចាំការកាត់ទោសតាមនីតិវិធីច្បាប់ ។