(បងប្អូនបង្កើត បានផឹកស្រាថ្នាំជាមួយគ្នាក៏បានសាកកំលាំងគ្នាម្នាក់ចូលពេទ្យម្នាក់ចូលប៉ុស្ដិ៍
ករណី៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកើតហេតុ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង០១ និង១០នាទីរំលងអាធ្រាតុ នៅចំណុច៖ ទំនប់៣៨ ភូមិព្រែកខ្នាច ឃំុលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ជនរងគ្រោះ ចំនួន ០១នាក់៖ឈ្មោះ ឃ្លិន តេង ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នេសាទ រងរបួសត្រង់ក្ដោងច្រមុះ និងដៃខាងស្ដាំ ។
ជនសង្ស័យ ០១នាក់៖ឈ្មោះ ឃ្លិន ផេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មានមុខរបរ នេសាទ (ឃាត់ខ្លួន)
សម្ភារះវត្ថុតាង ៖ កាំបិតបុ័ងតោ ចំនួន ០១ ។
សភាពរឿងហេតុ: នៅមុនពេលកើតហេតុខាងលើ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រមាណជា ២២ និង ០០នាទី ជនរងគ្រោះ ឃ្លិន តេង និង ជនសង្ស័យ ឃ្លិន ផេង (បងប្អូនបង្កើត) បានផឹកស្រាថ្នាំជាមួយគ្នា នៅទំនប់៣៨ ។ លុះរហូតដល់ពេលកើតហេតុខាងលើ ជនរងគ្រោះ បានដេញអោយជនសង្ស័យត្រលប់ទៅផ្ទះ ព្រោះពេលយប់ជ្រៅហើយ តែជនសង្ស័យមិនទៅ និងបានទាញយកបារីពីជនរងគ្រោះមកជក់ តែជនរងគ្រោះមិនអោយ និងបានវាយទៅលើជនសង្ស័យជាប្អូនមួយដៃ ធ្វើអោយជនសង្ស័យខឹង ក៏បានដើរទៅផ្ទះម្ដាយដែលនៅក្បែរនោះ រួចបានយកកាំបិតបុ័ងតោចំនួន០១ ពីផ្ទះម្ដាយមកកាប់លើជនរងគ្រោះវិញ បណ្ដាលអោយត្រូវជនរងគ្រោះចំក្ដោងច្រមុះ និងដៃខាងស្ដាំរងបួសជាម្ងន់ ។ ក្រោយមកជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុក និងរាយការណ៍មកនគរបាលប៉ុស្ដិ៍លើកដែក ។ ក្រោយទទួលបានព័ត៌មាននេះភ្លាមនគរបាលប៉ុស្ដិ៍ បានចុះដល់កន្លែងកើតហេតុ រួចបាននាំខ្លួនជនសង្ស័យ ឃ្លិន ផេង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី។