អ្នកទិញដីខកចិត្ត ដោយសារគម្រោងសង់ព្រលានយន្តហោះថ្មីត្រូវពន្យារ
គម្រោងសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិថ្មីមួយនៅខេត្តកណ្តាលនោះ ត្រូវបានគេអះអាងថា នឹងពន្យារពេលផ្តើមសាងសង់នៅឆ្នាំ២០២៥ ធ្វើឲ្យអ្នកទិញដីនៅតំបន់ដែលគេគ្រោងនឹងសាងសង់ព្រលានយន្តហោះនោះ ខកចិត្តនិងមានអ្នកខ្លះចង់ចង.ក ព្រោះតែខ្ចីបុលពីធនាគាររាប់សែនដុល្លារ ។
យ៉ាងណា នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ «អង្រុត»នៅមិនទាន់អាចរកការសុំបញ្ជាក់បន្ថែមបានទេពីមន្ត្រីរាជរដ្ឋាភិបាលខ្មែរ ។
អ្នករកស៊ីដីមួយចំនួនបាននិយាយនៅបណ្តាញសង្គមហ្វេសប៊ុកថា«ខាតធ្ងន់ហើយបើយូរយ៉ាងនេះ អស់ពីផ្អើលពីដំបូងបន្តិច ឥឡូវស្ងាត់ឈឹង ។ ចង់វ៉ៃចេញវិញ ក៏រកអ្នកទិញមិនឃើញ។ ៧ឆ្នាំទៀតមិនដឹងទ្រាំចាំយ៉ាងម៉េច។»។
ក្រៅពីសរសេរយ៉ាងដូច្នេះ អ្នកទិញលក់ដីខ្លះបានលើកឡើងជាបទពិសោធន៍ដែរថា«យូរម្លឹងលំបាកអ្នកទិញដីជំពាក់ធនាគារហើយពេលនេះ អាសូរអ្នកទិញដីនៅម្តុំហ្នឹងណាស់ កប់លុយចោល ខំរកលុយធនាគារសង្ឃឹមដីឡើងថ្លៃ អភិវឌ្ឍន៍ សង្ឃឹមខ្យល់ហើយ។»
ឯអ្នកខ្លះ បានចូលទៅខមមិន( Comment) ដោយបញ្ឈឺថា«អោយរាង កុំឃើញគេលោត លោតតាមគេ បាក់”ក”ងាប់មិនដឹងខ្លួន»។
គួរបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះថ្មីលំដាប់ថ្នាក់អន្តរជាតិលំដាប់ 4F មានតម្លៃទុនវិនិយោគសរុប១៥០០លានដុល្លារ នឹងសាងសង់លើផ្ទៃដី២៦០០ហិកតា ស្ថិតនៅក្រុងតាខ្មៅ ស្រុកកណ្តាល ខេត្តកណ្តាល ។
បើយោងតាមលិខិតចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា ព្រលានយន្តហោះអន្តរជាតិនេះ វិនិយោគដោយក្រុមហ៊ុន «ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ខូ អិល ធី ឌី ( Cambodia Airport Investment Co,ltd » ជាក្រុមហ៊ុនភាពជាដៃគូវិនិយោគរវាងវិស័យសាធារណៈនិងឯកជន (PPP) ។
ការបែកធ្លាយលិខិតខាងលើ គឺកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន «ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ខូ អិល ធី ឌី ( Cambodia Airport Investment Co,ltd » ដែលគេស្គាល់ថាជារបស់ក្រុមហ៊ុនចិន បានចុះហត្ថលេខាជាមួយលោកឧកញ៉ា ពុង ខៀវសែ ប្រធានក្រុមហ៊ុន OCIC ដែលវិនិយោគកោះពេជ្រនិងតំបន់ជ្រោយចង្វារ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ។
ទុនវិនិយោគព្រលានយន្តហោះអន្តរជាតិដែលសរុប១៥០០លានដុល្លារអាមេរិកនោះ គឺបានមកពីកម្ចីធនាគារបរទេសចំនួន១១០០លានដុល្លារ ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ ២៨០លានដុល្លារ និងដើមទុនចុះបញ្ជី ១២០លានដុល្លារអាមេរិក ក្នុងនោះក្រុមហ៊ុន OCIC មាន៩០% និងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលតំណាងរាជរដ្ឋាភិបាលទទួល១០% ។
កន្លងមកមន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលគ្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិថ្មីមួយ ដែលអាចនឹងមានចម្ងាយ៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយសារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មិនអាចពង្រីកសមត្ថភាពរបស់ខ្លួនបានថែមទៀតនោះ។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការ អាកាសចរណ៍ស៉ីវិល ធ្លាប់បានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកថា ដោយសារតែកំណើននៃការធ្វើដំណើរតាមផ្លូវអាកាស បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយនៅឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មិនអាចពង្រីកសមត្ថភាពរបស់ខ្លួនទៀតបាន ជាមួយកត្តាចង្អៀតនៃការស្ទះចរាចរណ៍ ក៏ដែលបានរាំងស្ទះដល់វិស័យអាកាសចរណ៍ផងដែរនោះ ទើបរាជរដ្ឋាភិបាលកម្ពុជា មានទស្សនវិស័យថានឹងសាងសង់ នូវព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀត ប៉ុន្តែពេលនោះអ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ពីទីតាំង និងក្រុមហ៊ុនដែលនឹងត្រូវទទួលបានសិទ្ធិសាងសង់ ព្រលានយន្តហោះថ្មីនេះនៅឡើយទេ ដោយលោកលើកឡើងថា វាស្ថិតនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកស៊ីន ចាន់សិរីវុត្ថាបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា ចង់សាងសង់អាកាសយានដ្ឋានថ្មី ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដែលជាក្រុមហ៊ុនបារាំង ទទួលបានសិទ្ធិវិនិយោគ លើព្រលានយន្តហោះនៅកម្ពុជាបច្ចុប្បន្ន បានជួលអ្នកជំនាញការមកពីបារាំង ដើម្បីឲ្យសិក្សាលើគម្រោងការសាងសង់ ថាគួរធ្វើនៅម្តុំណា0x017d7 ដើម្បីឲ្យប៉ះពាល់ដល់បរិស្ថាន និងសង្គមតិចបំផុត ហើយងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ព្រលានយន្តហោះនោះ ។
ក្រោយមកក៍លេចឮព័ត៌មានច្បាស់ការណ៍ថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិនេះ នឹងធ្វើនៅក្រុងតាខ្មៅ ភ្ជាប់នឹងទីតាំងដីមួយផ្នែករបស់ស្រុកអង្គស្នួល ខេត្តកណ្តាល ក៍ធ្វើឲ្យដីនៅតំបន់សាងសង់ព្រលានយន្តហោះនោះឡើងថ្លៃ និងក៍មានអ្នកទិញលក់ដី ក៍ដូចជាប្រជាពលរដ្ឋមួយចំនួនប្រញាប់ប្រញាល់ដាក់លុយរាប់សែនដុល្លារទៅទិញដីនៅតំបន់នោះ ប៉ុន្តែពេលនេះ មានឮស្នូរអ្នកទិញដីខ្លះថ្ងូរនិងខ្លះជំពាក់បំណុលធនាគារច្រើនស្ទើរតែបញ្ចប់ជីវិត ៕