ក្រសួង៖ ម្ចាស់ស្ថានីយអាចដំឡើងថ្លៃសាំងស៊ុបពែបាន ព្រោះអ្នកក្រភាគច្រើនចាក់សាំងធម្មតា
រាជធានីភ្នំពេញ ៖ បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរមក តម្លៃប្រេងសាំងលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈនានាបានឡើងថ្លៃជាបន្តបន្ទាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃរអ៊ូរទាំ និងស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងពាណិជ្ជកម្ម មេត្តាពិនិត្យមើល និងស្វែងរកដំណោះស្រាយបញ្ចុះតម្លៃប្រេងសាំងឲ្យនៅទាបវិញ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។
ពាក់ព័ន្ធនឹងតម្លៃប្រេងសាំងនេះដែរ ក្រសួងពាណិជ្ជកម្មបានកំណត់តម្លៃជារៀងរាល់១០ថ្ងៃម្ដង និងតាមដានតម្លៃប្រេងសាំងនៅតាមស្ថានីយនានាជាប្រចាំផងដែរ ក៏ប៉ុន្តែនៅតែមានមតិមួយចំនួនលើកឡើងថា តម្លៃប្រេងសាំងនៅតែខ្ពស់ មិនស្របតាមការកំណត់របស់ក្រសួងឡើយ ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ជាទូទៅក្រសួងពាណិជ្ជកម្មតែងតែតាមដានលើទីផ្សារតម្លៃប្រេងអន្តរជាតិ ហើយសម្រេចកំណត់តម្លៃជូនអ្នកលក់រាយជារៀងរាល់១០ថ្ងៃម្ដងដោយយោងតាមការពិភាក្សាអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែនិងថាមពល ។
លោកថា ៖« កាលពីមុន យើងបានកំណត់តម្លៃប្រេងឥន្ធនៈគ្រប់ប្រភេទជូនដល់ម្ចាស់ស្ថានីយឲ្យអនុវត្តតាម តែក្រោយមកយើងក៏បានកំណត់តម្លៃត្រឹមតែសាំងធម្មតា និងម៉ាស៊ូតប៉ុណ្ណោះ ហើយក៏ឃើញថានៅតាមបណ្ដាស្ថានីយនានាបានអនុវត្តតាមយ៉ាងល្អផងដែរ » ។
លោកបន្តថា លោកក៏បានឮ និងដឹងពីការរិះគន់ចំពោះតម្លៃសាំងឡើងថ្លៃដែរ ហើយមានអ្នកខ្លះនិយាយថា ម្ចាស់ស្ថានីយមិនអនុវត្តតាមការកំណត់របស់ក្រសួង ។ ប៉ុន្តែលោកបញ្ជាក់ថា ក្រសួងកំណត់តម្លៃចំពោះតែសាំងធម្មតា និងម៉ាស៊ូតប៉ុណ្ណោះ ចំពោះសាំងស៊ុបពែរ មិនស្ថិតក្រោមការគ្រប់គ្រងតម្លៃរបស់ក្រសួងឡើយ ។ ដូចនេះ ម្ចាស់ស្ថានីយអាចដំឡើងថ្លៃតាមទីផ្សារប្រកួតប្រជែងតាមចិត្តរបស់គេ សូមឲ្យមហាជនជ្រាបពីបញ្ហានេះ ។
លោកបន្ថែមថា ការកំណត់តម្លៃតែសាំងធម្មតា និងម៉ាស៊ូត ដោយសារតែក្រសួងចង់សម្រួលដល់ប្រជាពលរដ្ឋដែលមានចំណូលទាប ឬអាចនិយាយថា សម្រួលដល់អ្នកក្រ ចំណែកសាំងស៊ុបពែរ ជាប្រភេទសាំងដែលគេប្រើប្រាស់សម្រាប់រថយន្តទំនើប អីចឹង ស៊ុបពែរចង់ឡើងប៉ុន្មាន ក៏មិនប៉ះពាល់ដល់ប្រជាពលរដ្ឋមានចំណូលទាបដែរ ។
លោកថា ៖« ការកំណត់តម្លៃសាំងធម្មតានៅលើទីផ្សារ គឺជាយុទ្ធសាស្ត្រសម្រាប់ជួយអ្នកក្រ ព្រោះអ្នកក្រភាគច្រើនប្រើប្រេងសាំងធម្មតា ចំណែកអ្នកមានឡានទំនើបៗ គេចាក់សាំងល្អ ដើម្បីឲ្យម៉ាស៊ីនឡានដំណើរការល្អ ដូចនេះ យើងមិនព្រួយពីការឡើងថ្លៃលើប្រភេទសាំងស៊ុបពែរទេ » ។
សូមបញ្ជាក់ថា នៅថ្ងៃទី៧ ឧសភា ២០១៨ នេះដែរ ក្រសួងពាណិជ្ជកម្មក៏បានចេញសេចក្តីបំភ្លឺមួយពាក់ព័ន្ធនឹងតម្លៃសាំងឡើងថ្លៃនៅលើទីផ្សារកម្ពុជាផងដែរ ។ នៅក្នុងសេចក្តីបំភ្លឺរបស់ក្រសួងពាណិជ្ជកម្មឲ្យដឹងថា ការកើនឡើងតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជា ដោយសារតែប្រេងឥន្ធនៈនៅលើទីផ្សារពិភពលោកបានកើនឡើងដែរ ។ ក៏ប៉ុន្តែការកើនឡើងតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជា មានសមាមាត្រតិចជាងការកើនឡើងនៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ។
ជាក់ស្ដែង តម្លៃលក់រាយប្រេងសាំងធម្មតា នៅដើមខែមេសា ឆ្នាំ២០១៦ មានតម្លៃ០,៨០ដុល្លារអាមេរិកក្នុង១លីត្រ បានកើនឡើងដល់១,០២ដុល្លារអាមេរិកក្នុង១លីត្រនៅដើមខែមេសា ឆ្នាំ២០១៨ ពោលគឺបានកើនឡើងត្រឹមតែ២៧% ខណៈក្នុងរយៈពេលដូចគ្នានេះដែរ តម្លៃប្រេងលើទីផ្សារអន្តរជាតិ បានកើនឡើងរហូតដល់៦៣%ឯណោះ ។
បើតាមលោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ផលិតផលប្រេងសាំងដែលប្រើប្រាស់នៅកម្ពុជាសព្វថ្ងៃនេះ ភាគច្រើននាំចូលពីប្រទេសសិង្ហបុរី ហើយប្រទេសផ្សេងទៀត ដូចជា ប្រទេសថៃ និងវៀតណាម ក៏បាននាំចូលផងដែរ ក៏ប៉ុន្តែក្នុងបរិមាណតិចតួច ។
គួរបញ្ជាក់ថា នៅដើមខែឧសភា ឆ្នាំ២០១៨នេះ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែឧសភា ក្រសួងក៏បានកំណត់តម្លៃប្រេងសាំងលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈដែរ ក្នុងនោះ ប្រេងសាំងធម្មមានតម្លៃ៤.១០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតតម្លៃ៣.៩០០រៀលក្នុង១លីត្រ ៕
រូបភាព
ប្រភពអត្ថបទ៖ កោះសន្តិភាព