រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ដ៏រន្ធត់មួយ ដោយរថយន្តក្រឡុកស៊ីម៉ងត៍បានបុកទំលុះចូលផ្ទះប្រជាពលរដ្ឋលក់ភេសជ្ជៈយីហោ “ហ៊ាន សុខកុយ” ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 5A-0851 របស់ក្រុមហ៊ុន TPI ត្រូវចេញទៅចាក់បេតុងឲ្យគេ តែដោយសារតៃកុងរថយន្តគាត់បានឈប់ដោយមិនព្រលត់ម៉ាស៊ីនរួចគាត់ចុះទៅយកបុងក៏ត្រូវរថយន្តរអិលកង់ទៅមុខ ឆ្លងផ្លូវទៅបុកចូលផ្ទះអ្នកលក់ភេសជ្ជះយីហោ ហ៊ាន សុខកុយ នេះតែម្តង តែមិនបណ្តាលអោយរងរបួសមនុស្សទេគ្រាន់តែមានការខូចខាតយ៉ាបខាងមុខផ្ទះនិងភេសជ្ជះតែប៉ុណ្ណោះ។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍បានចុះមកដល់ក៏ទុកអោយភាគីទាំងសងខាងធ្វើការសម្រសម្រួលគ្នាតែដោយសារភាគីទាំងសងខាងធ្វើការសម្របសម្រួសគ្នាមិនត្រូវសមត្ថកិច្ចសំរេចចិត្តយករថយន្តបង្កទៅថែរក្សាទុកនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញ ក៏ប៉ុន្តែតំណាងក្រុមហ៊ុនសូមយកស៊ីម៉ង់ដែលលាយរួចនៅលើរថយន្តបង្កចេញពីរថយន្តសិន ទើបអោយសមត្ថកិច្ចយើងយករថយន្តទៅថែរក្សាទុកដោះស្រាយគ្នានៅពេលក្រោយគឺមិនមែនសមត្ថកិច្ចលោកដោះលែងរថយន្តបង្កអោយរួចខ្លួននោះទេ ៕